ថ្នាក់ដឹកនាំតេលាខ្មែរ អញ្ជើញសចុះសួរសុខទុក្ខវីរយុទ្ធជនរងរបួស
06 សីហា, 2025
នៅរសៀលថ្ងៃពុធ ទី០៦ ខែសីហា ឆ្នាំ២០២៥ ថ្នាក់ដឹកនាំ តេលាខ្មែរ បានអញ្ជើញចុះសួរសុខទុក្ខវីរយុទ្ធជនរងរបួសក្នុងសមរភូមិ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា។ ការអញ្ជើញចុះសួរសុខទុក្ខនេះ ជាការបង្ហាញពីការគោរព និងកិត្តិយសដ៏ខ្ពង់ខ្ពស់ដែលតេលាខ្មែរ មានចំពោះកងទ័ពកម្ពុជាដែលបានលះបង់ខ្លួនក្នុងការការពារជាតិ។
ក្នុងឱកាសនោះ តេលាខ្មែរ បាននាំយកសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងថវិកាជួយជាច្រើន ដើម្បីចូលរួមសម្រាលបន្ទុក និងគាំទ្រដល់កងទ័ពដែលកំពុងព្យាបាលរបួស ព្រមទាំងផ្តល់ជាកម្លាំងចិត្តដល់គ្រួសាររបស់ពួកគេ។ ការចូលរួមបែបនេះគឺជាផ្នែកមួយនៃបេសកកម្មរបស់តេលាខ្មែរ ក្នុងការចែករំលែក និងឈរជាមួយគ្នាស្ថានភាព។
តេលាខ្មែរ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងកោតសរសើរចំពោះវីរយុទ្ធជនទាំងអស់ ដែលបានបំពេញភារកិច្ចដ៏ឧត្តមប្រកបដោយស្មារតីស្នេហាជាតិ ការលះបង់ និងភាពអង់អាច ដើម្បីការពារជាតិ និងរក្សាសេចក្ដីសុខសាន្តរបស់ប្រជាជនខ្មែរ។ យើងជឿជាក់ថា សមត្ថភាព និងកម្លាំងចិត្តរបស់ពួកគេ នឹងក្លាយជាប្រភពកម្លាំងដ៏អស្ចារ្យសម្រាប់ជំរុញចិត្តកងទ័ព និងប្រជាជនទាំងមូល។
ស្មារតីខ្មែរតែមួយ – ខ្មែរស្រឡាញ់ខ្មែរ




