តេលាខ្មែរនៅតែបន្តចុះជួបសួរសុខទុក្ខដល់ វីរៈកងទ័ពជួរមុខ
08 សីហា, 2025
នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ លោក ងួន ឡេង អគ្គនាយករងជាន់ខ្ពស់ តំណាងដ៏ខ្ពង់ខ្ពស់ អ្នកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុន កម្ពុជាតេលា បានដឹកនាំគណៈប្រតិភូក្រុមហ៊ុន ចុះជួបសួរសុខទុក្ខ និងផ្តល់ការលើកទឹកចិត្តដល់វីរៈកងទ័ពជួរមុខ ដែលរងរបួសក្នុងសមរភូមិ និងកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យបង្អែក ១៦ មករា – មណ្ឌលសុខភាពគូលែន ខេត្តព្រះវិហារ និង មន្ទីរពេទ្យយោធភូមិភាគ៤ ខេត្តសៀមរាប។
សកម្មភាពនេះ គឺជាការបន្តបង្ហាញពីស្មារតី “ខ្មែរតែមួយ ខ្មែរជួយខ្មែរ” និងជាការចូលរួមក្នុងការលើកទឹកចិត្តដ៏ស្មោះស្ម័គ្រចំពោះវីរៈកងទ័ពអង់អាច ដែលបានលះបង់ខ្លួនដើម្បីការពារជាតិមាតុភូមិ និងសន្តិភាពប្រជាជនខ្មែរ។
ក្នុងឱកាសនោះ ក្រុមគណៈប្រតិភូបាននាំយក សម្ភារៈប្រើប្រាស់ និងថវិកាជំនួយ មួយចំនួន ដើម្បីចូលរួមឧបត្ថម្ភជូនវីរៈកងទ័ព និងជួយសម្រាលបន្ទុកជីវភាពផងដែរ។ ការចូលរួមបែបនេះ មិនត្រឹមតែជាការផ្តល់ជំនួយផ្នែកវត្ថុទេ ប៉ុន្តែថែមទាំងជាការចែករំលែកក្តីស្រឡាញ់ និងក្តីគោរពដ៏ជ្រាលជ្រៅចំពោះវីរបុរសជាតិ។
កម្ពុជាតេលា សូមសម្ដែងការដឹងគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះគំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពកម្ពុជាទាំងអស់ ដែលតែងតែឈរជើងការពារជាតិ និងប្រជាជន។ ពួកគេគឺជាវីរបុរសពិតប្រាកដ ដែលទាំងសង្គមតែងតែគោរព និងចងចាំ។
ស្មារតីខ្មែរតែមួយ – ខ្មែរស្រឡាញ់ខ្មែរ









