ក្រុមហ៊ុនកម្ពុជាតេលា បានរៀបចំកម្មវិធីប្រកាសបើកដំណើរការជាផ្លូវការស្ថានីយប្រេងឥន្ធនៈ តេលាខ្មែរ
22 ឧសភា, 2026
នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារ RAFFLES LE ROYAL PHNOM PENH ក្រុមហ៊ុនកម្ពុជាតេលា បានរៀបចំកម្មវិធីប្រកាសបើកដំណើរការជាផ្លូវការស្ថានីយប្រេងឥន្ធនៈ តេលាខ្មែរ ក្រោមអធិបតីភាពរបស់ អ្នកឧកញ៉ា ឈុន អូន អគ្គនាយក ក្រុមហ៊ុនកម្ពុជាតេលា និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុន ដែលមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ បណ្តាដៃគូអាជីវកម្ម អតិថិជន ព្រមទាំងអ្នកសារព័ត៌មានជាច្រើនរូប ក្នុងគោលបំណងប្រកាសនាំយកឈ្មោះម៉ាកយីហោ “តេលាខ្មែរ” ដែលមានប្រវត្តិតាំងពីឆ្នាំ១៩៦០ ដោយមានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋខ្មែរនាសម័យនោះ ឥលូវនេះតេលាខ្មែរបានត្រឡប់មកបម្រើប្រជាជនខ្មែរឡើងវិញ បន្ទាប់ពីអវត្តមានអស់រយៈពេលជាច្រើនទសវត្សរ៍ដោយសារបញ្ហាសង្គ្រាម។
ក្នុងឱកាសនោះ អ្នកឧកញ៉ា អគ្គនាយក មានប្រសាសន៍អំពីប្រវត្តិ និងការវិវត្តរបស់តេលាខ្មែរ ព្រមទាំងបង្ហាញពីចក្ខុវិស័យថ្មីក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងឧស្ម័ន គុណភាពស្តង់ដា Euro 5 និងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើបមកគ្រប់គ្រងទិន្នន័យក្នុងស្ថានីយដូចជា បរិមាណប្រេង ទិញចូល លក់ចេញ តម្លៃ ចំណូល ចំណាយ និងទិន្នន័យផ្សេងៗតាមប្រព័ន្ធថ្មីទាំងអស់ ដើម្បីធានាបាននូវតម្លាភាព ប្រសិទ្ធភាព និងកាត់បន្ថយការបាត់បង់។ អ្នកឧកញ៉ា អគ្គនាយក បានណែនាំពីសារធាតុបន្ថែមគីណេតិច បច្ចេកវិទ្យាថ្មីពីសហរដ្ឋអាមេរិកក្នុងប្រេងសាំង និងប្រេងម៉ាស៊ូត របស់តេលាខ្មែរ ជួយសម្អាតម៉ាស៊ីន កាត់បន្ថយកាកសំណល់ កាត់បន្ថយការកកិតក្នុងម៉ាស៊ីន បង្កើនប្រសិទ្ធភាពថាមពល និងសន្សំសំចៃប្រេងឥន្ធនៈ។
ជាមួយគ្នានេះ អ្នកឧកញ៉ា អគ្គនាយក បានប្រកាសផែនការពង្រីកស្ថានីយ “តេលាខ្មែរ” ចំនួន ២០០ ស្ថានីយ នៅទូទាំងប្រទេសត្រឹមឆ្នាំ២០២៨ ដើម្បីបម្រើសេវាកម្មជូនអតិថិជន និងពង្រឹងវិស័យប្រេងឥន្ធនៈរបស់ខ្មែរ។ បន្ថែមពីនេះ ក្រុមហ៊ុនកំពុងសាងសង់ឃ្លាំងស្តុកហ្គាស LPG ចំណុះ ១២០,០០០ ម៉ែត្រគូប នៅកំពង់ផែក្រុងព្រះសីហនុ ដែលគ្រោងដាក់ដំណើរការនៅឆ្នាំ២០២៨ ផងដែរ។
ក្រុមហ៊ុនកម្ពុជាតេលា សូមប្រកាសជាសារធារណៈ បណ្តាម្ចាស់ដេប៉ូ និងអាជីវករប្រេងឥន្ធនៈទាំងអស់នៅក្នុងប្រទេសមានបំណងចង់បង្កើតស្ថានីយសេវាប្រេងឥន្ធនៈតេលាខ្មែរ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ក្រុមហ៊ុននឹងសហការ គាំទ្រយ៉ាងពេញទំហឹងលើការរៀបចំប្រព័ន្ធគ្រប់គ្រងថ្មី និងការអភិវឌ្ឍស្ថានីយតាមស្តង់ដាទំនើប ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅអនាគតរួមគ្នាជាមួយតេលាខ្មែរ ចូលរួមចំណែកជាមួយប្រជាជនខ្មែរ លើកស្ទួយសេដ្ឋកិច្ចជាតិ ខ្មែរស្រឡាញ់ខ្មែរ ខ្មែរគាំទ្រផលិតផលខ្មែរ នោះខ្មែរខ្លាំង ខ្មែរនឹងឈ្នះ។
ជាទីបញ្ចប់ ក្រុមហ៊ុនកម្ពុជាតេលា ប្តេជ្ញាបង្កើនប្រសិទ្ធភាពគ្រប់គ្រងប្រតិបត្តិការ ដើម្បីផ្តល់សេវាកម្មល្អ ផលិតផលមានគុណភាព តាមស្តង់ដាខ្ពស់ និងការផ្គត់ផ្គង់មានស្ថិរភាពជូនអតិថិជនជានិច្ច។ យើងខ្ញុំសូមជូនពរដល់ភ្ញៀវកិត្តយសជាតិ អន្តរជាតិ ដៃគូពាណិជ្ជកម្ម អតិថិជនទាំងអស់ ទទួលបានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។
ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ សម្រាប់ប្រជាជនខ្មែរ! 🇰🇭🙏


