ក្រុមហ៊ុន កម្ពុជាតេលា រៀបចំវគ្គបណ្តុះបណ្តាល ស្ដីពី " វិធីសាស្ត្រក្នុងការទំនាក់ទំនងមានប្រសិទ្ធភាព” ដើម្បីពង្រឹងសមត្ថភាពបុគ្គលិក
18 មីនា, 2026
នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ នៅទីស្នាក់ការកណ្តាលក្រុមហ៊ុនកម្ពុជាតេលា បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “វិធីសាស្ត្រក្នុងការទំនាក់ទំនងមានប្រសិទ្ធភាព” ក្នុងគោលបំណងលើកកម្ពស់សមត្ថភាព និងពង្រឹងជំនាញទំនាក់ទំនងឱ្យមានប្រសិទ្ធភាពក្នុងការងាររបស់បុគ្គលិក ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សរបស់ក្រុមហ៊ុន។
លោក សយ សុជាតិ អគ្គនាយករង ក្រុមហ៊ុនកម្ពុជាតេលា បានចូលរួមជាអធិបតីក្នុងវគ្គបណ្តុះបណ្តាលនេះ រួមជាមួយលោក ឈួន សេរីវិចិត្រ គ្រូឧទ្ទេស និងសិក្ខាកាមចូលរួមពីថ្នាក់គ្រប់គ្រងនៃនាយកដ្ឋានពាណិជ្ជកម្មលក់រាយ និងនាយកដ្ឋានពាណិជ្ជកម្មលក់ដុំ។
នៅក្នុងបរិបទការងារបច្ចុប្បន្ន ការទំនាក់ទំនងរវាងមនុស្ស និងមនុស្ស នៅតែជា “បេះដូង” នៃភាពជោគជ័យរបស់ស្ថាប័ន ទោះបីជាបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងណាក៏ដោយ។
វគ្គបណ្តុះបណ្តាលនេះផ្តោតសំខាន់លើការកសាងទំនុកចិត្ត ការស្តាប់យ៉ាងសកម្ម និងការគ្រប់គ្រងអារម្មណ៍ ដើម្បីជួយឱ្យបុគ្គលិកយល់ដឹងច្បាស់ពីតម្រូវការរបស់អតិថិជន និងដោះស្រាយបញ្ហាបានយ៉ាងមានប្រសិទ្ធភាព។
លោកអគ្គនាយករង បានលើកឡើងថា ការប្រាស្រ័យទាក់ទង ក្នុងនាមយើងជាអ្នកលក់ គឺពិតជាមានសារៈសំខាន់ណាស់ក្នុងការទំនាក់ទំនងជាមួយអតិថិជនដើម្បីរក្សាទំនុកចិត្តរយៈពេលយូរ។ យើងជាអ្នកលក់ក៏ជាអ្នកទិញដែរ គឺទិញទឹកចិត្តបែបមនោសញ្ចេតនាដោយការគោរព និងផ្តល់តម្លៃជូនអតិថិជនរបស់យើង។
ជាចុងក្រោយ លោកអគ្គនាយករង បានលើកទឹកចិត្ត និងផ្តល់អនុសាសន៍ឱ្យសិក្ខាកាមទាំងអស់ចូលរួមយ៉ាងសកម្មក្នុងវគ្គសិក្សា សួរដេញដោល ចែករំលែកបទពិសោធន៍ និងយកចំណេះដឹងដែលទទួលបានទៅអនុវត្តក្នុងការងារប្រចាំថ្ងៃ ដើម្បីបង្កើតការផ្លាស់ប្តូរវិជ្ជមានក្នុងរបៀបទំនាក់ទំនងរវាងសហការី និងជាមួយអតិថិជន។
ខ្មែរគាំទ្រក្រុមហ៊ុនខ្មែរ សម្រាប់ប្រជាជនខ្មែរ!